ការខិតខំ
ប្រឹងប្រែងលើការស្នើសុំឲ្យដោះលែងនិពន្ធនាយកកាសែតមនសិការខ្មែរ លោក ដាំ
សិទ្ធិ ឲ្យនៅក្រៅឃុំ នៅតែបន្តនៅឡើយ នៅថ្ងៃអង្គារនេះ ។
photo
លោក ដាំ សិទ្ធិ
និពន្ធនាយកនៃកាសែតមនសិការខ្មែរដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង។
អស់រយៈពេល៣ថ្ងៃមកហើយ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី
រួមទាំងក្រុមអង្គការសិទ្ធិមនុស្សនិងក្រសួងព័ត៌មានរបស់
រាជរដ្ឋាភិបាលផងដែរ
បានប្រឹងប្រែងធ្វើអន្តរាគមន៍ដោយធ្វើលិខិតទៅតុលាការដើម្បីសុំធានា
លោក ដាំ សិទ្ធិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។
មេធាវីការពារក្តី លោក ជូង
ជូងី បានថ្លែងសង្ឃឹមថា កិច្ចប្រឹងប្រែងនោះនឹងអាចជួយលោក ដាំ សិទ្ធិ
ដែលកំពុងស្ថិតក្នុងគុកព្រៃស ឲ្យបានរួចនៅក្រៅឃុំ ៖ «សង្ឃឹមថា
ត្រូវតែបានរួចខ្លួនឆាប់ៗហ្នឹង ។ ធ្វើរួចរាល់អស់ហើយ គឺទីមួយ
ខ្ញុំសូមឲ្យតុលាការដោះលែង ដាំ សិទ្ធិ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
ទីពីរ ខ្ញុំបានប្ដឹងឧទ្ធរណ៍ជំទាស់ទៅនឹងដីកាសម្រេចឃុំខ្លួនហ្នឹង»
។
លោក ដាំ សិទ្ធិ ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រឲ្យគណបក្សសមរង្ស៊ី
នៅមណ្ឌលភ្នំពេញ ត្រូវគេចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត
និងបរិហារកេរ្តិ៍ជុំវិញការផ្សាយព័ត៌មានដែលសរសេរថា
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
គឺជាអតីតប្រធានគុកបឹងត្របែកក្នុងជំនាន់របបខ្មែរក្រហម ។
ការសរសេរផ្សាយរបស់លោក ដាំ សិទ្ធិ ដែលមានតាំងពីខែមេសា កន្លងមក
គឺបានដកស្រង់តាមប្រសាសន៍របស់ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ។
មេធាវីការពារក្តីរបស់លោក ដាំ សិទ្ធិ បានថ្លែងថា កាលពីម្សិលមិញ
ភរិយារបស់លោក ដាំ សិទ្ធិ
បានធ្វើដំណើរទៅគុកព្រៃសដើម្បីចង់ជួបសាកសួរសុខទុក្ខ ក៏ប៉ុន្តែ
ឆ្មាំគុកមិនអនុញ្ញាតឲ្យភរិយារបស់លោកបានចូលទៅជួបដោយផ្ទាល់នោះ
ឡើយ ៕